ផ្ញើជូនអ្នកផឹកកាហ្វេ ញ័រខ្លួន នេះ​ងាកមកជំនួស ភេសជ្ជៈ ៤ អាច​ដាស់​ស្មារតី ជួយ​ឲ្យ​ខួរក្បាល​ដើរ​ល្អ

បើ​ទោះ​បី​កាហ្វេ​ជា​ភេសជ្ជៈ​ជួយ​ដាស់​ស្មារតី ជួយ​ឲ្យ​យើង​មាន​ការ​ផ្តោត​ទៅ​លើ​អ្វី​មួយ​បាន​ល្អ តែ​ការ​ទទួល​ទាន​ច្រើន​ពេក​ក៏​អាច​បណ្តាល​ឲ្យ​យើង​គេង​មិន​លក់ មាន​បញ្ហា​ឈឺក្បាល ជា​ដើម​ផង​ដែរ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​ជំនួស​ពី​ការ​ទទួល​ទាន​កាហ្វេ ទៅ​ជា​ភេសជ្ជៈ​ផ្សេង លើ​គោលដៅ​តែ​មួយ គឺ​ដាស់​ស្មារតី​ដដែល អ្នក​អាច​ងាក​មក​សាកល្បង​ភេសជ្ជៈ​ទាំង ៤ ខាង​ក្រោម​បាន៖

៤) ទឹក

4

ស្តាប់​ទៅ​សាមញ្ញ តែ​មក​មើល​ការ​បកស្រាយ​សិន។ ទម្លាប់​នៃ​ការ​ទទួល​ទាន​ទឹក ពេល​ព្រឹក​ព្រលឹម​ជា​រឿង​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ ព្រោះ​វា​អាច​រំញោច​ខួរក្បាល ជួយ​ឲ្យ​សរីរាង្គ​មួយ​ចំនួន​ដំណើរការ​ល្អ។

លើក​ទឹកក្ដៅឧណ្ហ៍ៗ មួយ​កែវ​មក​ទទួល​ទាន​ ក្រោយ​ក្រោក​ពី​គេង ក្រៅ​ពី​ផ្តល់​សំណើម​ដល់​ស្បែក ជួយ​ដាស់​ប្រព័ន្ធ​ប្រសាទ ជាង​នេះ​ក៏​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ថែម​ទៀត​ផង។ ក្រៅ​ពី​ផឹក​ទឹក ការ​ដាស់​ស្មារតី​ឡើង​វិញ អ្នក​ក៏​អាច​ប្រើ​ទឹក​មក​លាង​មុខ ឬ​ត្រាំ​ជើង​ជា​ដើម​ក៏​បាន។

៣) តែ​បៃតង

3

នៅ​ក្នុង​តែ​បៃតង​មាន​ជាតិ Thiamine ដែល​មាន​សមត្ថភាព​បំបាត់​ភាព​តានតឹង និង​ជំរុញ​ដល់​ខួរក្បាល​លើ​ការ​ផ្តោត។ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ហត់នឿយ តានតឹង គ្រាន់​តែ​ផឹក​តែ​បៃតង​ ១ ពែង​ នោះ​អ្នក​មាន​អារម្មណ៍​ស្វាហាប់​ឡើង​វិញ​ភ្លាម។

២) ទឹក​ក្រូចឆ្មារ


2

នៅ​ពេល​អ្នក​អស់​កម្លាំង ការ​ផឹក​ទឹក​ក្រូចឆ្មារ​មួយ​កែវ ក៏​ជា​រឿង​ដែល​គួរ​តែ​ធ្វើ​ផង​ដែរ។ តែ​យ៉ាង​ណា មិន​ណែនាំ​ឲ្យ​ទទួល​ទាន​ទឹក​ក្រូចឆ្មារ​ពេល​ពោះ​ទទេ​ឡើយ ព្រោះ​វា​មាន​ជាតិ​អាស៊ីដ​អាច​ប៉ះពាល់​ដល់​ក្រពះ។

យក​ល្អ​ ត្រូវ​ផឹក​ទឹក​ក្រូចឆ្មារ ឬ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹក​ឃ្មុំ ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច ៣០ នាទី គឺ​ល្អ​បំផុត។

១) ខ្ទិះ​ដូង​និង​ទឹក​ខ្មេះ​ប៉ោម

1

ខ្ទិះ​ដូង​មាន​អ៊ីយ៉ុង​ប៉ូតាស្យូម មាន​ឥទ្ធិពល​ពង្រឹង​សកម្មភាព​ខួរក្បាល ហើយ​ទឹក​ខ្មេះ​ប៉ោម​អាច​ការពារ​ការ​ប្រមូល​ផ្តុំ​អាស៊ីដ​ឡាក់ឡិក​នៅ​ក្នុង​ខ្លួន។ ដូច្នេះ​ការ​រួម​ផ្សំ​នៃ​ទឹក​ខ្ទិះ​ដូង និង​ទឹក​ខ្មេះ​ប៉ោម គឺ​អាច​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​ប្រយោជន៍​សំខាន់​ជា​ច្រើន។

វា​ល្អ​ត្រង់​វា​មាន​វីតាមីន B និង​សារធាតុ Probiotics ជួយ​បង្កើន​ថាមពល​រាងកាយ​ផង ហើយ​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ងងុយ​គេង និង​អាច​ផ្តោត​អារម្មណ៍​បាន​ល្អ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក