ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ ជីវិត គឺពោរពេញទៅដោយក្តីសង្ឃឹមទៅមុខ បើទោះជាក្នុងនោះមានរឿងល្អ និងរឿងអាក្រក់ៗក៏ដោយ!!

[...] ជីវិត គឺពោរពេញទៅដោយក្តីសង្ឃឹមទៅមុខ បើទោះជាក្នុងនោះមានរឿងល្អ និងរឿងអាក្រក់ៗក៏ដោយ។ ខ្ញុំជឿជាក់ថា មនុស្សយើងម្នាក់ៗសុទ្ធតែមានថាមពលនៅខាងក្នុង ដែលអាចអូសទាញយើងឱ្យស្រវាស្រទិញរិះរកភាពភ្លឺស្វាង។

១

គ្រាន់តែបុគ្គលខ្លួនឯង អាចនឹងមិនទាន់ចេះប្រើប្រាស់ថាមពលក្នុងនោះនៅឡើយ ក៏ថាបាន។ មានកុំទាន់អាលអរ ក្រកុំទាន់អាលភ័យ។ បើឡើងកុំទាន់មានអារម្មណ៍អឿ បើតឿកុំទាន់មានអារម្មណ៍ទាប ពីព្រោះអ្វីៗប្រែប្រួលតាមកាលៈទេសៈ។

ម៉្យាងវិញទៀត បើជ្រុលតែឈានជើងទៅមុខហើយ សូមកុំងាកក្រោយ ពិបាកវាពិតជាពិបាកហើយ ក៏ប៉ុន្ដែបើមនុស្សរាប់លាននាក់គេទៅបាន គេធ្វើកើត ចុះហេតុអ្វីយើងទៅមិនរួច?

១

ការធ្វើឱ្យព្រលឹងរបស់អ្នកស្ងប់ និងការព្យាបាលខ្លួនអ្នក គឺជាជំហានដំបូងដើម្បីជួយឱ្យពិភពលោករបស់អ្នកស្រស់បំព្រង និងភ្លឺស្វាង។ អ្នកអាចជាមនុស្សសំខាន់ចំពោះមនុស្សជាច្រើនក្នុងរូបភាពផ្សេងៗគ្នា។


ជួនកាលមនុស្សជាច្រើនសរសើរ និងគោរពអ្នកដូចទៅនឹងឪពុកម្តាយ លោកគ្រូអ្នកគ្រូ រៀមច្បង អ្នកប្រឹក្សាយោបល់ មនុស្សគំរូ បងប្អូនប្រុសស្រី ឬមិត្តភក្ដិ។ ហើយពេលខ្លះអាចជាបុគ្គលដ៏ជាទីទុកចិត្តបំផុត។

ដូច្នេះ សូមកុំមានអារម្មណ៍ថាអ្នកជាមនុស្សគ្មានន័យឱ្យសោះ។ ចូរមានទំនុកចិត្តលើខ្លួនឯង នឹងបន្តបង្កើតចំណាប់អារម្មណ៍វិជ្ជមានឱ្យបានច្រើនវិធី តាមដែលអាចធ្វើបាន។

អ្នកក៏អាចជាមនុស្សម្នាក់ ដែលមានមនុស្សជាច្រើននាក់ទៀតតែងគោរពកោតសរសើរនិងយកធ្វើជាគំរូ ប្រសិនបើបានធ្វើទង្វើដ៏ល្អស្មោះត្រង់ និងជួយចែករំលែកសុខសន្តិភាពដល់មនុស្សផងទាំងពួង។

គេអាចនឹងគោរពស្រលាញ់អ្នកប្រៀបដូចជាឪពុកម្តាយ គ្រូបង្រៀន អ្នកផ្តល់ដំបូន្មាន អ្នកប្រឹក្សា បងប្អូនប្រុសស្រី និងមិត្តភក្តិរបស់គេជាដើម។

និយាយរួមមក បុគ្គលម្នាក់ៗសុទ្ធតែមានសារៈសំខាន់រៀងៗខ្លួន។

ត្រូវព្យាយាមធ្វើជាមនុស្សដែលចេះឱ្យតម្លៃលើអ្វីដែលអ្នកមាននៅថ្ងៃនេះ និងស្វះស្វែងបំពេញការងារឱ្យអស់ពីចិត្តពីថ្លើម ដើម្បីអ្វីដែលអ្នកចង់បានបន្ទាប់មកទៀត។ [...]